កម្លាំងសមត្ថកិច្ចមួយក្រុមចុះទៅបង្ក្រាបគ្រឿងញៀន ត្រូវបានជនសង្ស័យវាយដណ្តើមបានកាំភ្លើង បាញ់រះ៥គ្រាប់ផ្ទួនៗ ផ្អើលរត់ជាន់ជើងគ្នា

ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចមួយក្រុមចុះទៅបង្ក្រាបគ្រឿងញៀន ត្រូវបានជនសង្ស័យវាយដណ្តើមបានកាំភ្លើង បាញ់រះ៥គ្រាប់ផ្ទួនៗ ផ្អើលរត់ជាន់ជើងគ្នា ទាំងសមត្ថកិច្ច ទាំងពលរដ្ឋ ហេតុការណ៍នេះកើតឡើងតាមផ្លូវលំ តំបន់សម្បុកគ្រឿងញៀន គោកបញ្ជាន់ ភូមិថ្មគោល៣១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

កម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន  មួយក្រុមមានគ្នា៥ទៅ៦នាក់ ចុះទៅ​បង្ក្រាប​គ្រឿងញៀន​នៅចំណុចខាងលើ ភ្លាត់ស្នៀតត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ វាយតដៃដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ចបាន​ រួចបាញ់រះចំនួន៥គ្រាប់ បណ្តាល​ឲ្យ​ត្រូវចំ​ទ្វារ​ដែក ធ្លាយ របួស​ស្ត្រី​ម្នាក់ កំពុង​នៅក្នុង​ផ្ទះ និង​ត្រូវចំ​ក្មេងស្រី​ម្នាក់ កំពុង​អង្គុយ​នៅមុខ​ផ្ទះ រីឯ​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន ដណ្តើមយក​កាំភ្លើង​បាន​វិញ ។

ប្រជាពលរដ្ឋរងគ្រោះ ដោយត្រូវគ្រាប់កាំភ្លើង ទាំង២នាក់ ទី១ ឈ្មោះ ទេព សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។ ទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ ។

ពលរដ្ឋ បានប្រាប់ថា ក្រោយពីចាប់ខ្លួនជនសង្ស័យ​ ដណ្តើមយកកាំភ្លើងបានវិញ សមត្ថកិច្ចនាំ​ឡើងរថយន្ត នាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​យកទៅពេទ្យរៀងខ្លួន​ ស្ត្រីចំណាស់ ដឹកតាមម៉ូតូកង់បីយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាល់ម៉ែត្រ ចំណែក​នារីរងគ្រោះត្រូវ​បានដឹកតាមម៉ូតូ​កង់បី​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិចិនតុង ៕

 

Leave a Reply

Your email address will not be published. Required fields are marked *