សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់​ថវិកា​លើកទឹកចិត្ត ដល់វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ បន្ទាប់ពី​ ដណ្ដើមបាន​មេដាយមាស​ពិភពលោក

(ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២ នេះ  សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់​ថវិកា​លើកទឹកចិត្ត ដល់វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ បន្ទាប់ពី​ ដណ្ដើមបាន​មេដាយមាស​ពិភពលោកពី​ការប្រកួត​កីឡា​ប៉េតង់ នៅ​ទីក្រុង​សាន់​តា​ស៊ូ​សា​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីបានធ្វើការ​កោតសរសើ​រ ចំពោះ​វិស័យ​កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជា ដែលបាន ដណ្ដើមបាន​មេដាយមាស​ពិភពលោក ៥​ជំនាន់​ជាប់ៗ​គ្នា។ ដោយ​វីរកីឡាការិនី កែ ឡេង ចំនួន ៤​ជំនាន់កាលពី​ឆ្នាំ​២០១៣, ២០១៥, ២០១៧ និង​ឆ្នាំ​២០១៩ និង ​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ឆ្នាំ​២០២១ កន្លងទៅនេះ។

​សម្ដេច​មានប្រសាសន៍​ប​ន្ដ​ថា ជ័យលាភី​នេះមិនមែនជា​របស់​កីឡាការិនី អ៊ុក ស្រីមុំ តែម្នាក់ឯង​នោះទេ តែ​វា​ជា​កិត្តិយស​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំង​ជាង ១៦​លាន​នាក់។

សម្ដេច​ក៏បាន​ផ្ដាំផ្ញើ​ដល់​អ្នក​បន្ដវេណ​សហព័ន្ធគឺ​ឯកឧត្តម ស សុខា ត្រូវ​បន្ដ​ដឹកនាំ​កីឡាដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា ឲ្យ​រក្សាបាន​នូវ​ភាពខ្លាំង តាមរយៈ​ការ​ដណ្ដើមបាន​មេដាយមាស​ពិភពលោក​ជា​បន្ដបន្ទាប់​ទៀត មិន​ត្រឹមតែ​កីឡា​ស៊ី​ហ្គេម ឬ​អាស៊ី​នោះទេ។​ ​ដើម្បី​អបអរសាទរ និង​លើកទឹកចិត្ត​ដល់​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ដណ្ដើមបាន​មេដាយមាស​ពិភពលោក​ជំនា​ន់ទី​៥ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ជូន​កម្ពុជា​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​ប្រកាស​ឧបត្ថម្ភ​នូវ​ថវិកា​លើកទឹកចិត្ត​ចំនួន ៤០​លាន​រៀលដែលជា​ថវិកា​របស់​រា​ជ​រដ្ឋាភិបាលតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​បន្ថែម​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​សម្ដេច​ទាំង​ទ្វេ​ចំនួន ១​ម៉ឺន​ដុល្លារ​ទៀតសរុប​ចំនួន ២​ម៉ឺន​ដុល្លារ។​ ​ដោយឡែក​លោក សុខ ម៉ុង គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡា​ប៉េតង់​កម្ពុជា​ផ្នែក​នារីក៏​ទទួលបាន​ប្រាក់រង្វាន់ ៤០​លាន​រៀលជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាលតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ទទួលបាន​ថវិកា​ផ្ទាល់​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ៥​ពាន់​ដុល្លារសរុប​ចំនួន ១៥,០០០​ដុល្លារ​ផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *