ភ្នំពេញ៖ នាព្រលប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនមេខ្លោង២នាក់ជាបណ្ដោះអាសន្ន ដែលដឹកនាំការតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងបក្ខពួកម្នាក់ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។
លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ គឺបានបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួនជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ភេទស្រី អាយុ៣៤ឆ្នាំ ទៅកាន់មណ្ឌលអប់រំកែប្រែទី២ និងជនត្រូវចោទឈ្មោះ សុខ ណារិទ្ធ ត្រូវនាំខ្លួនទៅកាន់មណ្ឌលអប់រំកែប្រែទី១ ចំពោះឈ្មោះ សុខ គង្គា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
សូមបញ្ជាក់ថា ក្នុងសំណុំរឿងនេះមានជនត្រូវចោទចំនួន៩នាក់ ត្រូវបានឃាត់ខ្លួនបានទាំងអស់ហើយ និងត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នចំនួន៨នាក់ អ្នកដែលត្រូវបានឃុំខ្លួននោះ រួមមានដូចជា៖ ១. រី សុវណ្ណឌី ២.សុន ស្រីពេជ ៣. ហៃ សុភាព ៤. ឃ្លាំង សុបិន្ត ៥.ទូច សិរីមាស និងទី៦. ឈឹម សុខន ទី៧. ឈឹម ស៊ីថរ និងទី៨ សុខ ណារិទ្ធ។
គួររំលឹកដែរថា កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងនគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញភស្តុតាងមួយចំនួន ដែលបញ្ជាក់ថា ការរៀបចំប្រមូលផ្តុំធ្វើការតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺមានការផ្តល់ថវិការាប់ម៉ឺនដុល្លារពីអង្គការចាត់តាំងនៅក្រៅប្រទេស។ ក្រុមបាតុករកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការសម្របសម្រួល និងអំពាវនាវឱ្យផ្អាកសកម្មភាពតវ៉ា ដើម្បីអបអរសាទរដល់ការឆ្លងឆ្នាំសកល២០២២ ប៉ុន្តែ ក្រុមបាតុករមិនបានបញ្ឈប់ ទើបឈានដល់មានការអនុវត្តច្បាប់ និងស្រាវជ្រាវនេះផងដែរ៕