សាលា West Point បានបញ្ជាក់ថា តម្លៃសញ្ញាបត្រ គ្មានការបែងចែកឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ 

ភ្នំពេញ៖ លោក Francis J DeMaron Jr មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ នៃបណ្ឌិតសភាយោធា West Point បានបញ្ជាក់ថា តម្លៃសញ្ញាបត្រ គ្មានការបែងចែកឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ លោកសង្ឃឹមថា ការបញ្ជាក់លើកនេះនឹងបញ្ចប់ភាពចម្រូងចម្រាស់នៃតម្លៃសញ្ញាបត្រ សាលារបស់លោកផងដែ។

នាព្រឹកថ្ងៃទី៧ ខែមករា បើតាមការចុះផ្សាយ របស់សារព័ត៌មាន EAC News ក្នុង​សារអេឡិចត្រូនិកអ៊ីម៉ែលរបស់លោក Francis J DeMaron Jr  «អ្នកគ្រប់គ្នាដែល​បាន​បញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនឹងទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគឺគ្មានភាពខុសគ្នា ឬការតម្រូវផ្សេងសម្រាប់បេក្ខជនអន្តរជាតិនោះទេ។ ខ្ញុំសង្ឃឹមថា នេះអាចជួយបញ្ជាក់ពីភាពចម្រូងចម្រាសបាន»។

ការបញ្ជាក់របស់បណ្ឌិតសភាយោធាអាមេរិក នៅពេលនេះអាចចាត់ទុកជាការបញ្ចប់នូវការ​លើក​ឡើង​ដោយ​គ្មានអំណះអំណាងរបស់លោក សម រង្ស៊ី កាលពីកន្លងទៅដែលបានវាយ​ប្រហារមកលើ​តម្លៃសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់។

លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លោកជាជនជាតិខ្មែរដំបូងគេដែលបញ្ចប់ការសិក្សានៅបណ្ឌិតយោធា West Point របស់អាមេរិក ហើយលោកក៏បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យញ៉ូវយ៉ក និងបណ្ឌិតសេដ្ឋកិច្ចនៃសាកលវិទ្យាល័យប្រ៊ីសស្ដូល​នៃ​ចក្រភព​អង់គ្លេស​ផងដែរ។

កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេស​ដែល​ផ្សាយជាភាសាខ្មែរដោយបានលើកឡើងថា សញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួល​បាន​ទាំងពីសាលាបណ្ឌិតយោធា West Point​ និងសាកលវិទ្យាល័យញូវយ៉ក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីសស្ដូល នៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។

បន្ទាប់មកដើម្បីការពារពីភាពត្រឹមត្រូវនៃសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។

ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បាន​ដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ​ឈប់ធ្វើនយោបាយទៅ ព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនដែលបង្ហាញពីភាពមិនមែនជាគំរូដល់ពលរដ្ឋ។

កាលពីម្សិលមិញ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បាន​ឆ្លើយតបថា បញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដាសញ្ញាបត្ររបស់​សាលាអាមេរិក​មិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។

ការលេចឡើងបែបនេះ គឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានដល់ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថា​សញ្ញាបត្រ​ដែល​និស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញាបត្រយោគយល់ ដោយថា​ដើម្បី​ការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *