ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កេត សុជាតិ បានចេញដីកាបង្គាប់ ឃុំខ្កួន ឈ្មោះ ង៉ូវ ម៉ុក អាយុ៧២ឆ្នាំ ពីបទលួចផលិតវេចខ្ចប់ ចែកចាយបារីក្លែងក្លាយ

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កេត សុជាតិ បានចេញដីកាបង្គាប់ឲ្យ សមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ង៉ូវ ម៉ុក អាយុ៧២ឆ្នាំ នាយិកាក្រុមហ៊ុន (ហុង) អ៉ិនធើណេសសិនណល ទៅដាក់មណ្ឌលអប់រំកែប្រែ (ម២) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

នៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ សម្រេចឃុំខ្កួន ឈ្មោះ ង៉ូវ ម៉ុក អាយុ៧២ឆ្នាំ បន្ទាប់ពីតំណាងអយ្យការបានបញ្ជូនដីកាសន្និដ្ឋានឲ្យស៉ើបសួរពីបទ «ក្លែងបន្លំ ពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀត ដែលមានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ ប្រព្រឹត្តនៅទីតាំងបារី ហុងអន្តរជាតិ ផ្លូវអង្គតាមិញ ភូមទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យឆែកឆេររោងចក្របារី ហុង អន្តរជាតិ ដោយបានរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើន ពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយមួយចំនួនធំ៕

Leave a Reply

Your email address will not be published. Required fields are marked *