រថយន្តដឹកឈើ លើសទម្ងន់ បណ្ដាលឲ្យបាក់ដែកជន្ទាសរថយន្តកង់ផ្នែកខាងមុខ រ៉េចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងចាក់ឈើពេញផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរឡើយ

ភ្នំពេញ៖ នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ហេតុការណ៍គ្រោះថ្នាក់ចរាណ៍មួយ​ បានកើតឡើង ដោយមានរថយន្តដឹកឈើ លើសទម្ងន់ បណ្ដាលឲ្យបាក់ដែកជន្ទាសរថយន្តកង់ផ្នែកខាងមុខ រ៉េចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងចាក់ឈើពេញផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរឡើយ ហេតុការណ៍កើតឡើង តាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចទល់មុខហាងនំប៉័ង ក្បែររង្វង់មូលតាព្រហ្ម សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ។

បើតាមឲ្យដឹង ពីអ្នកនៅក្បែរកន្លែងកើតហេតុ គេឃើញមានរថយន្តធុនធំមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខព្រះសីហនុ 3A-1309 ដឹកឈើ (អូសដុត) ពេញរថយន្តតាមបណ្ដោយ​ផ្លូវ​ជាតិលេខ៦A ក្នុងទិសដៅពីព្រែកលាភមកភ្នំពេញ ​ខណៈមកដល់ចំណុចកើតហេតុរថយន្ត បាន​បាក់ដែក​ជន្ទាស​រថយន្តកង់ខាងមុខ រ៉េចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាល​ឲ្យរថយន្ត​ក្រឡាប់​ផ្ងារជើង​ធ្លាក់ឈើរាយពេញផ្លូវ ​ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលជ្រោយចង្វារ​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ដើម្បីការសម្រួលចរាចរណ៍​និងរើឈើ​ចេញរថយន្តរួច ស្ទួច​រថយន្ត​ទៅរក្សារទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រងចាំដោះស្រាយតាមផ្លូវច្បាប់៕

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *