បន្ទាយមានជ័យៈ នៅវេលាម៉ោងជាង ១០ យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ស្ត្រីម្នាក់ បានបើកម៉ូតូ ក្នុងល្បឿនលឿន បានជ្រុលបុករថយន្តដឹកស្រូវ ដែលបែកកង់ ចតលើទ្រូង ផ្លូវជាតិលេខ៥ ក្នុងភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ស៊ិន ណារ៉ាក់ បានអោយដឹង មុនកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទដឹកទំនិញ យីឌុប ពណ៌ក្រហម ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3519 (ដឹកស្រូវ) បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទៅពីទិសខាងជើង ទៅខាងត្បូង បានបែកកង់ ហើយចតនៅលើ ទ្រូងផ្លូវ គន្លងម៉ូតូ ដោយមិនបានដាក់ភ្លើង សញ្ញាគ្រប់គ្រាន់។ ស្របពេលនោះ ក៏មានស្ត្រីម្នាក់់ ឃ្មោះ អែម ម៉ារ៉ា អាយុ៣៦ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបើកម៉ូតូ ម៉ាកហុងដា ឌ្រីម សេ125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០០៨ គ្មានផ្លាកលេខ ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន ហើយក៏ជាន់ហ្វ្រាំងមិនទាន់ បណ្ដាលបុកចំពីក្រោយរថយន្ត បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុតែម្ដង។ ជនរងគ្រោះ មិនមានពាក់មួកសុវត្ថិភាព។ ចំណែក អ្នកបើកបររថយន្ត បានេរត់គេចខ្លួនបាត់ ។ វត្ថុតាងម៉ូតូ និង រថយន្ត បានត្រូវសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមង្គលបូរី៕