ភ្នំពេញៈ នៅវេលាម៉ោង ៧ យប់ ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវបាន ក្បាលរថយន្តកុងតឺន័រ បុកហើយកិន ត្រង់ចំណុចខាងលិច ស្ពានអាកាសចោមចៅ ប្រហែល ១០ ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ យ៉ុក កន ភេទប្រុស អាយុជាង ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ មានស្រុកកំណើត នៅស្រុករមាសហែក ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាក ហុងដា ឌ្រីម C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក លេខស្វាយរៀង 1N.5511 ជិះតែម្នាក់ឯង។ ចំណែករថយន្តកុងតឺន័រ មានតែក្បាលអត់ទ្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F.1262 អ្នកបើករថយន្ត បានរត់គេចខ្លូនបាត់។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញបុរសរងគ្រោះ ខាងលើ បានជិះម៉ូតូម៉ាកហុងដា ឌ្រីម តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពី ខាងកើត ទៅខាងលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត កុងតឺន័រ អត់ទ្រុង បានបើកមកពីក្រោយ ស្របទិសគ្នា បុកហើយកិន បែកក្បាល ធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឱ្យសាច់ញាតិ ៕