បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ រថយន្តមួយគ្រឿង បើកក្នុងល្បឿនលឿន បានបុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យបុរសពីរនាក់ស្លាប់ នៅនឹងកន្លែង នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ទល់មុខនឹងក្រុមហុ៑នម៉ូតូហុងដា ក្នុងសង្កាត់បាលិលេយ្យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចណ៍ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កដែលបើករថយន្ត ស៊េរីទំនើប ម៉ាក Lexus Rx330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU1911 បានបើកពីទិសខាងកើត មកខាងលិច ក្នុងល្បឿនលឿន ដោយអ្នកបើកបរមានស្ថានភាពស្រវឹងខ្លាំង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ពីក្រោយ ម៉ាកហុងដា ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងកើតហេតុ រួចក៏ជ្រុលទៅបុករថយន្ត ស៊េរីទំនើប មួយគ្រឿងទៀត ម៉ាកហ្វត (Ford) ពណ៌ខ្មៅ គ្មានស្លាកលេខ បន្ថែមទៀត។
មន្ត្រីនគរបាលចរាចណ៍ បានបន្តថា ក្រោយពីកើតហេតុហើយ រថយន្តបង្កត្រូវបានសមត្ថកិច្ច ជំនាញចរាចរណ៍ នៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានវាស់វែង រួចស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង។ ចំណែកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណីហើយ៕