បើតាមការចុះផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន បានប្រាប់ឱ្យដឹងថា សេតវិមានកំពុងពិភាក្សាអំពីកាលបរិច្ឆេទថ្មី សម្រាប់កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងក្រុមមេដឹកនាំអាស៊ាន

(វ៉ាស៊ីនតោន)៖ បើតាមការចុះផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន បានប្រាប់ឱ្យដឹងថា សេតវិមានកំពុងពិភាក្សាអំពីកាលបរិច្ឆេទថ្មី សម្រាប់កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងក្រុមមេដឹកនាំអាស៊ាន ខណៈដែលប្រធានាធិបតីអាមេរិកលោកចូ បៃដិន (Joe Biden) កំពុងទន្ទឹងរងចាំស្វាគមន៍ថ្នាក់ដឹកនាំអាស៊ាន ទៅកាន់ទីក្រុងវ៉ាស៊ីតោន។

អ្នកនាំពាក្យអាមេរិក បានលើកឡើងថា «ដើម្បីធានាថាមេដឹកនាំអាស៊ាន ដែលត្រូវបានអញ្ជើញ អាចចូលរួមទាំងអស់គ្នា យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន ដើម្បីកំណត់កាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំ»។ សេតវិមានអាមេរិក បានហៅកិច្ចប្រជុំនេះថាជា «អាទិភាពចម្បងមួយ» ដែលនឹងត្រូវប្រារព្ធឡើងចំខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន»

សូមជម្រាបផងដែរថា កន្លងទៅនេះ សេតវិមានបានប្រកាសថា លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ាន នៅថ្ងៃទី២៨ និង២៩ ខែមីនានេះ ប៉ុន្តែវាត្រូវបានពន្យាពេលទៅវិញ ដោយសារក្រុមមេដឹកនាំអាស៊ាន មិនអាចចូលរួមបានទាំងអស់គ្នា៕