លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានព្រមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនលូកដៃជួយរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន។

(វ៉ាស៊ីនតោន)៖ បើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានព្រមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនលូកដៃជួយរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន។

ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក ស៊ី ជិនពីង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី បៃដិន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើងដើម្បី ទប់ស្កាត់ និងឆ្លើយតបទៅនឹងសកម្មភាពឈ្លានពាន ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោកក៏បានលើកឡើង ដែរពីភាពស្មុគស្មាញ និងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនផ្ដល់ការគាំទ្រ ឬជាសម្ភារៈដល់រុស្ស៊ី ខណៈទីក្រុងម៉ូស្គូកំពុងវាយប្រហារយ៉ាងសាហាវលើ ទីក្រុងជាច្រើនរបស់អ៊ុយក្រែន និងលើប្រជាជនស៊ីវិល»។ ជាការឆ្លើយតបទៅនឹងលោក បៃដិន, លោក ស៊ី ជិនពីង បានអះអាងថាចិនមិនចង់ឃើញសង្រ្គាមផ្ទុះឡើងនោះទេ ហើយស្នើឱ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់ការគាំទ្រដល់កិច្ចសន្ទនារវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ៕