កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្លាំងគយ បានឃាត់រថយន្តមួយគ្រឿងអត់ពន្ធ ដែលបានពាក់ស្លាកលេខក្លែងក្លាយ ម៉ាក AUDI Q7 បែជាប្រទះឃើញគ្រឿងញៀនក្នុងរថយន្ត ជាង២០គីឡូក្រាម ទៅវិញ

ព្រៃវែង ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្លាំងគយ បានឃាត់រថយន្តមួយគ្រឿងអត់ពន្ធ ដែលបានពាក់ស្លាកលេខក្លែងក្លាយ ម៉ាក AUDI Q7 បែជាប្រទះឃើញគ្រឿងញៀនក្នុងរថយន្ត ជាង២០គីឡូក្រាម ទៅវិញ ស្ថិតនៅចំណុចភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមការបញ្ចាក់ពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងគយតំបន់២ រួមសហការណ៍ជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស បានធ្វើការឃាត់រថយន្តមួយគ្រឿង ម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាស្លាកលេខក្លែងក្លាយ ដល់ពេលត្រួតពិនិត្យ ប្រទះ ឃើញក្នុងរថយន្តមានគ្រឿងញៀនជាង២០គីឡូក្រាម ។

ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយ មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើតេស្តបឋមលើសារធាតុសង្ស័យ ឃើញលទ្ធផល ថាជាសារធាតុញៀនខុសច្បាប់ចំនួន ៣ប្រភេទ មានទម្ងន់សរុប២០,៧៥២.៤ក្រាម ក្នុងនោះ ប្រភេទ MDMA ១៥,៧៤២ក្រាម, ប្រភេទកេតាមីន៤,៩៩៦ក្រាម, និង មេតំហ្វេតាមីន១៤.៤ក្រាម ។​

បច្ចុប្បន្ន ជនសង្ស័យនិងគ្រឿងញៀន ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួង មហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ផងដែរ៕