សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបភាពដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន​ នៅព្រឹកថ្ងៃទី ២១ ខែមិនាឆ្នាំ ២០២២ បានអញ្ជើញជាអធិបភាពដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រាប់ឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថាជាមន្ទីរពេទ្យលោកសង្ឃនោះត្រូវបានសាងសង់និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង ៨០ លានដុល្លារអាមេរិកជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។


អគារមន្ទីរពេទ្យថ្មីនេះបានសាងសង់លើទំហំដីជាង១៣ ពាន់ម៉ែត្រក្រឡាមានកម្ពស់ ១១ជាន់ជាមួយ ប្រវែង៥៣ម៉ែត្រ។ចែកចេញជាផ្នែកពិគ្រោះជំងឺ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភពរោគស្ត្រីព្រមទាំងសេវាជំនួយផ្សេងៗ ទៀត។នៅលើដំបូលអគារមានចំណតឧទ្ធម្ភាគចក្រចុះចតទម្ងន់ពី៣តោនទៅ ៥តោន ថែម ទៀតផង។ មន្ទីរពេទ្យថ្មីនេះដែរ ក៏មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០ គ្រែ  មានបន្ទប់វះកាត់ចំនួន៩ ហើយមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រងនោម វះកាត់បេះ ដូង វះកាត់សួត និងអាចដូរអវៈយវៈ ដូចជាតម្រង នោម និងថ្លើមជាដើម។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ចាក់បន្ថែមថា មន្ទីរពេទ្យបានរៀបចំបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ទំនើបៗ មន្ទីរពេទ្យនេះមានសមត្ថភាពព្យាបាលមិនចាញ់មន្ទីរពេទ្យក្រៅ ប្រទេសនោះឡើយ៕