(ភ្នំពេញ)៖ ក្នុងឱកាសដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបន្ថែមការជំរុញសាជាថ្មីឱ្យដៃគូពាក់ព័ន្ធបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលចិនក៏បានឯកភាពរួចហើយដែរលើការងារផលិតវ៉ាក់សាំងនេះ។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ការផលិតវ៉ាក់សាំងក៏ត្រូវបន្តជំរុញ…. ដៃគូក្នុងប្រទេសរបស់យើងត្រូវតែបង្កើនល្បឿងក្នុងការធ្វើការជាមួយភាគីចិន ដើម្បីបង្កើតឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងនៅកម្ពុជា (គឺវ៉ាក់សាំងបង្ការជំងឺកូវីដ១៩)»។
នោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកម្ពុជា ត្រូវមានកិច្ចសហការល្អជាមួយក្រុមគ្រូពេទ្យ និងអ្នកជំនាញខាងភាគីចិន ដើម្បីសិក្សាពីបច្ចេកវិទ្យាផលិតថ្នាំព្យាបាលជំងឺកូវីដ១៩ (ថ្នាំ LIANGHUA QINGWEN JIAONANG) ដើម្បីឈានទៅដល់ការចេះផលិតថ្នាំនេះនៅថ្ងៃក្រោយ៕