(តូក្យូ)៖ បើយោងតាមការផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២នេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចចរចាស្តីពីសន្ធិសញ្ញាសន្តិភាព ជាមួយជប៉ុន ហើយបានបង្កកគម្រោងសេដ្ឋកិច្ចរួមគ្នាទាក់ទងទៅនឹងប្រជុំកោះជម្លោះគូរីល ដោយសារតែការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូ លើទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។
នាយករដ្ឋមន្រ្តីជប៉ុន បានប្រាប់ឱ្យដឹងថា លោកប្រឆាំងយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ដោយចាត់ទុកថា «ស្ថានការណ៍ទាំងមូលត្រូវបានបង្កើតឡើងដោយការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយការឆ្លើយតបរបស់រុស្ស៊ី មកលើទំនាក់ទំនងរវាងជប៉ុន-រុស្ស៊ី គឺជាទង្វើអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ»។ លោក បានបន្តថា ជប៉ុននៅតែប្រកាន់ គោលជំហរក្នុងការស្វែងរកសន្ធិសញ្ញាសន្តិភាពដោយមិនមានការផ្លាស់ប្តូរ និងបន្ត ចូលរួមជាមួយពិភពលោកក្នុងការដាក់ទណ្ឌកម្មរុស្ស៊ីដោយម៉ឺងម៉ាត់បំផុត៕