លោក ជែន ស្តូលធិនបឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការ NATO​ បាននិយាយថា NATO គ្មានផែនការបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី នោះទេ

(ព្រុចសែល)៖ សារព័ត៌មានរុស្ស៊ី Tass បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះថា លោក ជែន ស្តូលធិនបឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការ NATO​ បាននិយាយថា NATO គ្មានផែនការបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី នោះទេ។

លោក ជែន ស្តូលធិនបឺគ អគ្គលេខាធិការអង្គការ NATO បានបញ្ចាក់ថា «NATO មិនមែនជាផ្នែកណាមួយនៃជម្លោះនេះទេ, យើងផ្តល់ការគាំទ្រ ដល់អ៊ុយក្រែន ប៉ុន្តែនឹងមិនចូលរួមក្នុង ជម្លោះដោយផ្ទាល់ ហើយក៏នឹងមិនបញ្ជូនកងទ័ពទៅកាន់ទីនោះដែរ»។ លោកបានបន្ថែមថា «វាមានសារៈសំខាន់ក្នុងការគាំទ្រដល់អ៊ុយក្រែន ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ មិនចង់មានជម្លោះ រវាង NATO និងរុស្ស៊ី»

លោក ស្តូលធិនបឺគ ក៏បានច្រានចោល ផងដែរគំនិតបង្កើត «តំបន់គ្មានការហោះហើរ» នៅអ៊ុយក្រែន ព្រោះវានឹង ធ្វើឲ្យមានសង្រ្គាមជាមួយរុស្ស៊ី។ «ការបង្កើតតំបន់គ្មានការហោះហើរ គឺស្មើនឹង «NATO ត្រូវត្រៀមកម្លាំងរបស់ខ្លួន ដើម្បីបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ី»។ នេះជាការបញ្ជាក់ឡើងវិញរបស់លោក ជែន ស្តូលធិនបឺគ (Jens Stoltenberg) ផងដែរ៕