សៀមរាប៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យមានឈ្មោះ លក្ខិណា វីរៈរិទ្ធ ដែលជាមន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ដែលប្រើអំពើហឹង្សាលើកុមារីត្រូវជាកូនស្រីបង្កើតរបស់សង្សារខ្លួន ត្រូវបានចៅក្រមស៊ើបសួរចេញដីការឃុំខ្លួនហើយដើម្បីចោទប្រកាន់តាមផ្លូវច្បាប់ ។
សូមបញ្ចាក់ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យ បានទៅរៀនជំនាញនគរបាលនៅខេត្តកំពង់ស្ពឺ រួចក៏បានណាត់ស្ត្រីដែលជាម្តាយក្មេងស្រីរងគ្រោះ ដែលត្រូវជាសង្សារទៅលេងខេត្តព្រះសីហនុ។ លុះទៅដល់ខេត្តព្រះសីហនុ ឈ្មោះលក្ខិណា វីរៈរិទ្ធ បានសុំពរកុមារីជនរងគ្រោះ តែកុមារីមិនព្រមស្រាប់តែក្រោយ មកជននោះបានធ្វើសកម្មភាពខាំ និងដាល់ទៅលើកុមារី ជាច្រើនកន្លែងលើរាងកាយ ខណៈពេលដែលម្តាយក្មេងរងគ្រោះចូលបន្ទប់ទឹក។ នៅពេលម្ដាយកុមារីរងគ្រោះ ចេញពីបន្ទប់ទឹក ឃើញគេវាយធ្វើបាបកូនស្រី ខ្លួនក៏បានសួរទៅជនសង្ស័យ ប៉ុន្តែជននោះឆ្លើយថា ដោយសារខ្នាញ់ពេក ទើបខ្លួនខាំលេង ។
ក្រោយពីរឿងនេះកើតឡើង ម្តាយក្មេងរងគ្រោះបានបង្ហោះហ្វេសប៊ុក និងមានការបង្ហោះតៗគ្នាជាច្រើន ទើបឈានដល់ការស៊ើបអង្កេត ហើយនគរបាលខេត្តសៀមរាបសុំអន្តរាគមន៍ពីថ្នាក់លើ ហើយតាមចាប់ ជននោះដល់ខេត្តកំពង់ស្ពឺ ដែលកំពុងរៀនតែម្ដង។
លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានសម្រេចដាក់ពន្ធនាគារ ឈ្មោះលក្ខិណា វីរៈរិទ្ធ ជាបណ្ដោះអាសន្ន តាមក្រមព្រហ្មទណ្ឌ ២១៩ ចំណុច ១ ចោទពីបទហឹង្សា ដោយមានស្ថានទម្ងន់ទោស ៕