នៅក្នុងឆ្នាំ២០២២នេះ អនុវត្តតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រៃពៃណីជាធម្មតាឡើងវិញ

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២នេះ អនុវត្តតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រៃពៃណីជាធម្មតាឡើងវិញ ហើយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរនេះ នឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ។

ឯកឧត្តម កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ​ឆ្នាំ២០២២នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យបណ្តាគ្រឹះស្ថានរដ្ឋនិងឯកជន វត្តអារ៉ាមនានា រៀបចំកម្មវិធីកម្សាន្ត​សប្បាយ​ជា​ធម្មតាឡើងវិញ ​ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។

លោកបានបន្តថា ក្នុងឆ្នាំនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី​នៅ​វត្តភ្នំឡើងវិញ​ជាធម្មតា តែការរៀបចំកម្មវិធីសង្ក្រាន្តនោះ នឹងត្រូវដាក់កម្រិតអោយអ្នកចូលរួមត្រូវ​អនុវត្តវិធានសុខាភិបាល ​ដោយត្រូវកំណត់ចំនួន​មនុស្សមិនអោយចូលច្រើន​កុះករ​ខ្លាំង ហើយ​អ្នកគ្រប់​​​អ្នក​ចូលរួមទាំងអស់​គឺត្រូវតែធ្វើការពាក់ម៉ាស់ជាចាំបាច់៕