កងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក អាប្រាហាំ លីនខុន (Abraham Lincoln) កំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែនទឹកនៃឧបទ្វីបកូរ៉េ

(សេអ៊ូល)៖ បើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២នេះថា កងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក អាប្រាហាំ លីនខុន (Abraham Lincoln) កំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែនទឹកនៃឧបទ្វីបកូរ៉េ។ នាវាចម្បាំងទាំងនេះត្រូវបាន ដាក់ពង្រាយ ចំពេលមានការបារម្ភកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ។

មន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា កងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំង Abraham Lincoln កំពុងស្ថិតនៅតំបន់ សមុទ្រជប៉ុន ឬសមុទ្រខាងកើត ដើម្បីចូលរួមធ្វើសមយុទ្ធយោធាជាមួយកងកម្លាំងជប៉ុន ជាការបង្ហាញពីការប្ដេជ្ញាចិត្តចំពោះសម្ព័ន្ធមិត្ត និងប្រទេស ជាដៃគូនៅក្នុងតំបន់។

សូមបញ្ចាក់ថា នេះគឺជាលើកទីមួយហើយចាប់តាំងពីឆ្នាំ២០១៧មក ដែលសហរដ្ឋអាមេរិកដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងមកកាន់តំបន់ដែនទឹក រវាងកូរ៉េខាងត្បូង និងជប៉ុន៕