បើយោងតាមការផ្សាយរបស់សារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២នេះ លោក ខាល ណេហាំមឺ (Karl Nehammer) អធិការបតីអូទ្រីស បានទទូចដល់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនឲ្យបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន

(វីយែន)៖ បើយោងតាមការផ្សាយរបស់សារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២នេះ លោក ខាល ណេហាំមឺ (Karl Nehammer) អធិការបតីអូទ្រីស បានទទូចដល់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនឲ្យបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ហើយបានលើកពីបញ្ហាឧក្រិដ្ឋកម្មសង្រ្គាម កំលុងជំនួបមួយក្នុងទីក្រុងមូស្គូកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។

បន្ទាប់ពីកិច្ចប្រជុំក្នុងទីក្រុងមូស្គូ រដ្ឋាភិបាលអូទ្រីស បានបញ្ជាក់ដូច្នេះថា «សារចម្បងរបស់លោក អធិការបតីអូទ្រីស ទៅកាន់លោក ពូទីន ក្នុងកិច្ចពិភាក្សាដោយបើកចំហ និងតឹងតែងបំផុតនោះគឺ សង្រ្គាមត្រូវតែបញ្ចប់ពីព្រោះនៅក្នុងសង្រ្គាម ភាគីទាំងពីរសុទ្ធតែជាអ្នកចាញ់។ ចំណែកឯ អ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមក្នុងទីក្រុង ប៊ូចា និងទីតាំងផ្សេងទៀត នៃប្រទេសអ៊ុយក្រែន នឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន»

សូមជម្រាបថា លោក Nehammer គឺជាមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបដំបូងគេ ដែលបានជួបលោក ពូទីន ចាប់តាំងពីរុស្ស៉ីប្រើកម្លាំង យោធាលើអ៊ុយក្រែន៕