រុស្ស៊ី៖ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានប្រាប់ឱ្យដឹង កាលពីថ្ងៃអង្គារថា ការចរចាសន្តិភាពបានបញ្ចប់ហើយ។
ថ្លែង ជាសាធារណៈជាលើកដំបូងចាប់តាំងពីកងកម្លាំងរុស្ស៊ី បានដកថយពីភាគខាងជើងអ៊ុយក្រែន បន្ទាប់ពីពួកគេត្រូវបានផ្អាកការវាយប្រយុទ្ធនៅក្បែររដ្ឋធានី Kyiv លោក Putin បានសន្យាថា រុស្ស៊ីនឹងសម្រេចបានគោលដៅទាំងអស់ដែលខ្លួនបានប៉ងប្រាថ្នានៅក្នុងប្រទេសអ៊ុយក្រែន។ លោក Putin បានបន្តថា រដ្ឋធានី Kyiv បានធ្វើឲ្យការចរចាសន្តិភាពបរាជ័យ ដោយបង្កើតឈុតឆាកជាអ្វីដែលលោកបានហៅថា ជាការអះអាងក្លែងក្លាយនៃឧក្រិដ្ឋកម្មសង្គ្រាមទៅលើរុស្ស៊ី និងទាមទារធានាសន្តិសុខលើប្រទេសអ៊ុយក្រែនទាំងមូល។ ប្រទេសរុស្ស៊ីគ្មានជម្រើសអ្វីក្រៅពីប្រយុទ្ធទេ ព្រោះខ្លួនត្រូវតែការពារប្រជាពលរដ្ឋនិយាយភាសារុស្ស៊ីក្នុងភាគខាងកើតអ៊ុយក្រែន និងទប់ស្កាត់ប្រទេសជិតខាងរបស់អតីតសូវៀតមួយនេះ កុំឲ្យក្លាយជារបាំងប្រឆាំងរុស្ស៊ីចំពោះសត្រូវទាំងឡាយរបស់ក្រុង Moscow៕