(ញូដេលី)៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌា ដើម្បីចាប់ផ្តើមការបំពេញទស្សនរយៈពេល២ថ្ងៃនៅទីនោះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។
លោក Johnson បានទៅដល់ រដ្ឋហ្គូចារ៉ាត់ (Gujarat) ដែលជារដ្ឋកំណើតរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi)។ នៅទីនោះ លោកនាយករដ្ឋមន្រ្តីអង់គ្លេស នឹងជួបជាមួយក្រុមថ្នាក់ដឹកនាំវិស័យធុរកិច្ច រួចធ្វើទស្សនកិច្ចក្នុងទីក្រុងអាម៉េដដាបាដ (Ahmedabad) មុនពេលបន្តដំណើរទៅកាន់រដ្ឋធានីញូដេលី ហើយជួបជាមួយលោក ម៉ូឌី នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបតិ្តការផ្នែកសន្តិសុខ រវាងប្រទេសទាំងពីរ ព្រមទាំងអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ បញ្ហាអ៊ុយក្រែនក៏នឹងស្ថិតក្នុង ប្រធានបទនៃកិច្ចពិភាក្សារវាងលោក Johnson និង លោក Modi ផងដែរ៕