លោកស្រី លីស ត្រាស់ (Liz Truss) រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រាប់ឱ្យដឹងថា ជោគវាសនារបស់អ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ

(ឡុងដ៍)៖ លោកស្រី លីស ត្រាស់ (Liz Truss) រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រាប់ឱ្យដឹងថា ជោគវាសនារបស់អ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ ហើយសម្ព័ន្ធមិត្តត្រូវតែត្រៀមខ្លួនសម្រាប់ រយៈពេលដ៏វែងឆ្ងាយទៀត និងចូលរួមបង្កើនការផលិតអាវុធ រួមមានទាំងរថក្រោះ និងយន្តហោះចម្បាំងជាដើម ដើម្បីជួយយោធាអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្ស៉ី។ បើតាមការផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ។

លោកស្រី លីស ត្រាស់ (Liz Truss) បានបញ្ចាក់ថា «យើងមិនអាចសប្បាយចិត្តទេ… ជោគវាសនារបស់អ៊ុយក្រែននៅតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ»

មន្ត្រីលោកខាងលិច បានឱ្យដឹងផងដែរថា ជ័យជម្នះសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែននឹងបង្កផលវិបាកដ៏អាក្រក់ នៅទូទាំងពិភពលោក ហើយអាវុធធុនធ្ងន់ គួរតែត្រូវបានបញ្ជូនទៅអ៊ុយក្រែន បើទោះបីជាមានហានិភ័យនៃជម្លោះកើនឡើងក៏ដោយ។

លោកស្រី Liz Truss បានបញ្ចាក់បន្ថែមថា «យើងត្រូវតែត្រៀមខ្លួនសម្រាប់ដំណើរដ៏វែងឆ្ងាយ និងបង្កើនការគាំទ្រទ្វេដងរបស់យើងចំពោះអ៊ុយក្រែន។ អាវុធធុនធ្ងន់ដូចជារថក្រោះ យន្តហោះ – ត្រូវតែមានគ្រប់គ្រាន់នៅក្នុងស្តុករបស់យើង ដូច្នេះយើងត្រូវតែបង្កើនការផលិត។ យើងត្រូវធ្វើកិច្ចការ ទាំងអស់នេះ។ ភាពអសកម្ម នឹងជាការបង្ករឿងដ៏ធំបំផុត»