លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បាននិយាយថា បណ្ដាប្រទេសលោកខាងលិចអាចជួយបញ្ឈប់ ឧក្រិដ្ឋកម្មសង្រ្គាម ឬអំពើឃោរឃៅដែលប្រព្រឹត្តដោយទាហានអ៊ុយក្រែនបាន ប្រសិនបើពួកគេប្រើឥទ្ធិពលរបស់ខ្លួនលើទីក្រុងកៀវ និងបញ្ឈប់ការផ្ដល់អាវុធ

(មូស្គូ)៖ បើតាមការផ្សាយរបស់សាររព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២  លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បាននិយាយថា បណ្ដាប្រទេសលោកខាងលិចអាចជួយបញ្ឈប់ ឧក្រិដ្ឋកម្មសង្រ្គាម ឬអំពើឃោរឃៅដែលប្រព្រឹត្តដោយទាហានអ៊ុយក្រែនបាន ប្រសិនបើពួកគេប្រើឥទ្ធិពលរបស់ខ្លួនលើទីក្រុងកៀវ និងបញ្ឈប់ការផ្ដល់អាវុធ។

នៅថ្ងៃអង្គារម្សិលមិញ លោក ពូទីន បានសន្ទនាតាមទូរស័ព្ទប្រើពេលជាង ២ម៉ោង ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដោយផ្ដោតជាសំខាន់លើសង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងការជម្លៀសប្រជាជនស៊ីវិលចេញពី រោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បានបញ្ចាក់ថា «បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប មិនបានអើពើឡើយចំពោះឧក្រិដ្ឋកម្ម សង្រ្គាមប្រព្រឹត្តដោយទាហានអ៊ុយក្រែន, ការបាញ់ផ្លោងលើទីក្រុងជាច្រើនក្នុងតំបន់ដុនបាស់ ដែលបណ្ដាលឱ្យជនស៊ីវិលជាច្រើននាក់ បាត់បង់ជីវិត»