កាលពីថ្ងៃសៅរ៍ម្សិលមិញ ចក្រភពអង់គ្លេស បាននិយាយថា នឹងផ្ដល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១.៦០ពាន់លានដុល្លារ ដល់ លោក ហ្សេលេនស្គី បន្ថែមទៀត

(ឡុងដ៍)៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ចក្រភពអង់គ្លេស បាននិយាយថា នឹងផ្ដល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១.៦០ពាន់លានដុល្លារ ហើយការសន្យានេះធ្វើឡើងនៅមុនកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងមេដឹកនាំនៃក្រុមប្រទេស G7 ជាមួយប្រធានាធិបតី លោក ហ្សេលេនស្គី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២នេះ។

លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស បានបង្ហាញការគាំទ្រយ៉ាង ពេញទំហឹងដល់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី ទីក្រុងឡុងដ៍ បានបញ្ជូនមីស៊ីលប្រឆាំងរថក្រោះ, ប្រព័ន្ធការពារដែនអាកាស និងអាវុធជាច្រើនទៀតដល់អ៊ុយក្រែនផងដែរ។

សូមបញ្ចាក់ថា ការប្រកាសផ្ដល់ជំនួយខាងលើ គឺបានបង្ហាញពីការបង្កើនការប្ដេជ្ញាចិត្តរបស់អង់គ្លេសចំពោះអ៊ុយក្រែន ហើយវាក៏ជាការផ្ដល់ជំនួយ យោធាដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្រ្គាមនៅអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថានដែលអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិកផងដែរ៕