នៅថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២ម្សិលមិញ វេលា​ម៉ោង​១១:៣០​នាទី​យប់ មានគ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើងរវាង​រថយន្ត​ពីរ​គ្រឿង បណ្តាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ​៖ នៅថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២ម្សិលមិញ វេលា​ម៉ោង​១១:៣០​នាទី​យប់ មានគ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើងរវាង​រថយន្ត​ពីរ​គ្រឿង បណ្តាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ស្រាល ហេតុការណ៍នេះកើតឡើង តាម​បណ្តោយ​ផ្លូវ​បុរី​អង្គរ កែង​នឹង​ផ្លូវ​លេខ​១០០៣ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

អ្នកនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មាន​បុរស​ម្នាក់បើករថយន្ត​ម៉ាក​តូយ៉ូតា RUSH ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BS-០១២៦ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០០៣ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ស្តុ​ប​បុរី​អង្គរ​ដែលជា ផ្លូវបែក​ជា​បួន​ស្រាប់​តែមាន​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង​ទៀត ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-២១៦៨ បើក​ដោយ​បុរស​ម្នាក់ រួម​ដំណើរ ជាមួយនិង​មនុស្ស​ពីរ​នាក់​ទៀត​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ជា​មួយរថយន្ត​តូយ៉ូតា RUSH ពេញទំហឹង បណ្តាលអោយ​​ជ្រុលចង្កូត ​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ទឹកស្អុយ​។ ក្នុងពេលនោះដែរ ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បាន​​ចុះទៅ​ជួយ​អ្នកបើករថយន្ត និង​អ្នករួមដំណើរ​ឡើងមក​លើគោក រួច​ទាក់ទង​ទៅ​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

សមត្ថកិច្ច​ បានឱ្យដឹងថា ​បន្ទាប់ពី​កើតហេតុ ដោយ​ភាគី​ទាំងសងខាង សម្រួល​គ្នា​មិនត្រូវ ទើប​សមត្ថកិច្ច​មូលដ្ឋាន​សហការ ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ចុះ​មកដល់​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ជំនាញ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយផងដែរ​៕