(វ៉ាស៊ីនតោន)៖ លោកស្រី អាវ្រីល ហេននែស (Avril Haines) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក បាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី នឹងមិនបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅត្រឹមតំបន់ដុនបាស់នោះទេ ដោយអាចនឹងសាងផ្លូវមួយភ្ជាប់ទៅកាន់តំបន់ ត្រេនស្នីស្រ្ទីយ៉ា (Transnistria) គ្រប់គ្រងដោយរុស្ស៉ី នៅក្នុងប្រទេសម៉ុលដាវី។
លោកស្រី អាវ្រីល ហេននែស បានបញ្ជាក់ថា «យើងបានវាយតម្លៃថាលោក ពូទីន កំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលវែង នៅក្នុងប្រទេសអ៊ុយក្រែន ហើយលោកមានបំណងសម្រេចគោលដៅ មិនមែនត្រឹមតែនៅក្នុងតំបន់ដុនបាស់នោះទេ»។ លោកស្រី បានបន្ថែមថា ការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការដកកងទ័ពចេញពីការវាយកាន់កាប់ទីក្រុងកៀវ ហើយបញ្ជូនទៅកាន់តំបន់ដុនបាស់នាពេលកន្លងមក គឺជារឿងបណ្ដោះអាសន្នប៉ុណ្ណោះដោយ កងទ័ពរុស្ស៉ីនៅតែចិញ្ចឹមចិត្តចង់គ្រប់គ្រងដែនដីទាំងអស់ ក្នុងតំបន់ឆ្នេរសមុទ្រខ្មៅ ដើម្បីធានាប្រភពធនធានទឹកសម្រាប់តំបន់គ្រីមៀ ដែលទីក្រុងមូស្គូ ក្រសោបយកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤៕