(សហភាពអឺរ៉ុប)៖ កាលពីថ្ងៃចន្ទ ខែឧសភា ម្សិលមិញ មេដឹកនាំសហភាពអឺរ៉ុប បានគាំទ្របម្រាមលើការនាំចូលប្រេងពីរុស្ស៊ីភាគច្រើន បន្ទាប់ពីមានកិច្ចព្រមព្រៀងសម្របសម្រួលជាមួយប្រទេសហុងគ្រី ដើម្បីដាក់ទណ្ឌកម្មលើទីក្រុងមូស្គូជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ មានប្រទេសចំនួន ២៧ បានចំណាយពេលជាច្រើនសប្ដាហ៍ ដើម្បីជជែកគ្នាលើការហាមឃាត់ទាំងស្រុងចំពោះប្រេងរបស់រុស្ស៊ី ប៉ុន្តែបញ្ហាមួយចំនួនបានកើតឡើង ដោយការជំទាស់ដ៏រឹងរូសរបស់នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban។
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសរសេរលើបណ្ដាញ Twitter ជុំវិញកិច្ចព្រមព្រៀងហាមឃាត់ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបថា បញ្ហានេះបានគ្របដណ្ដប់ភ្លាមៗលើការនាំចូលប្រេងជាងពីរភាគបីពីប្រទេសរុស្ស៊ី ដោយកាត់បន្ថយប្រភពហិរញ្ញវត្ថុដ៏ច្រើនសម្រាប់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី។
កាលពីល្ងាចថ្ងៃចន្ទ ខែឧសភា ម្សិលមិញនេះផងដែរ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បាននិយាយទៅកាន់ប្រមុខរដ្ឋ និងរដ្ឋាភិបាលទាំង ២៧ប្រទេសតាមបណ្តាញវីដេអូ បានទាមទារម្តងហើយម្តងទៀតឱ្យសហភាពអឺរ៉ុប កំណត់គោលដៅលើវិស័យថាមពលដែលអាចរកប្រាក់ចំណូលបានច្រើនរបស់រុស្ស៊ី និងផ្អាកប្រាក់រាប់ពាន់លានដុល្លាររបស់ទីក្រុងមូស្គូជារៀងរាល់ថ្ងៃក្នុងការទូទាត់ផ្គត់ផ្គង់៕