(កៀវ)៖ លោកស្រី អ៉ីរីណា វេនេឌីគតូវ៉ា (Iryna Venediktova) អគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន បានប្រាប់ឱ្យដឹងថា ឧក្រិដ្ឋកម្មសង្រ្គាមជាប់សង្ស័យប្រហែល ១៥,០០០ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេស ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមកនេះ។
លោកស្រី Venediktova បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងឡាអេ (The Hague) ថា ជនសង្ស័យប្រហែល ៦០០នាក់ត្រូវបានគេ កំណត់អត្តសញ្ញាណ ហើយការកាត់ទោសលើជនសង្ស័យចំនួន ៨០នាក់ក៏ត្រូវបានចាប់ផ្តើមផងដែរ។ លោកស្រី បានបន្តថា ជនសង្ស័យទាំងនោះរួមមាន «ក្រុមមន្រ្តីយោធារុស្ស៉ី កំពូលៗ ក្រុមអ្នកនយោបាយរុស្ស៉ី និងក្រុមភ្នាក់ងារឃោសនារុស្ស៊ីជាដើម»។
លោកស្រី Venediktova បានបញ្ចាក់ថា កាលពីថ្ងៃអង្គារ ម្សិលមិញទាហានរុស្ស៉ីចំនួន ២នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ១១ឆ្នាំកន្លះ ក្នុងប្រទេស អ៊ុយក្រែន ពីបទបាញ់ផ្លោងលើ ជនស៊ីវិល ផងដែរ៕