(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ដល់១២ ខែមិថុនា នៅប្រទេសសិង្ហបុរី ។ ក្រៅពីចូលរួមកិច្ចប្រជុំនេះផងដែរ សម្តេចនឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក ចិន អូស្រ្តាលី និងសិង្ហបូរី។
ក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មាននាពេលកន្លងទៅនេះថា កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២នេះ កិច្ចប្រជុំនឹងលើកយកវិធានបទជាច្រើនមកពិភាក្សាដោយក្នុងនោះនិយាយអំពីជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ការគ្រប់គ្រងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល.ការបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការសន្តិសុខទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗចក្ខុវិស័យរបស់ប្រទេសចិនទៅលើសណ្តាប់ធ្នាប់តំបន់ បញ្ហាប្រឈមតាមអ៊ីនធឺណិត និងការវិវត្តនៃបច្ចេកវិទ្យាការពារជាតិ និងគំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់ជាដើម។
សូមជម្រាបថា កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យប្រជុំពិសេសចំនួន ៤ផងដែរ ដែលរួមមាន៖ (|) សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិបៃតង ()តួនាទីអាវុធនុយក្លេអ៊ែរក្នុងសន្តិសុខតំបន់, (|) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធីសាស្រ្តឆ្ពោះទៅមុខ និង (iv) សន្តិសុខលម្ហសមុទ្រ៖ ពីក្រមសីលធម៌ឈានទៅទំនាក់ទំនងនៅពេលមានវិបត្តិ៕