ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា បានជម្រាបជូន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា នូវ «ក្តីកង្វល់យ៉ាងខ្លាំង របស់សហសេវិកអាស៊ាន» ចំពោះរបាយការណ៍ ស្ដីពីការផ្ទេរលោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារ នៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាល រដ្ឋ សម្របសម្រួល ដល់ការបញ្ជូនលោកស្រី ត្រឡប់ទៅលំនៅដ្ឋាន ដែលជាទីតាំងលោកស្រី ត្រូវបានឃុំខ្លួន ពីដំបូង។