ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងនៅក្នុងការបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីថ្មី ថាសេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងដោយថាមវ័ន្ត ដោយសារសន្តិភាព ស្ថេរភាពនយោបាយ ម៉ាក្រូ សេដ្ឋកិច្ច និងភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ កត្តានេះ កម្ពុជាបានប្រែក្លាយវិបត្តិចំពោះមុខឱ្យទៅជាឱកាសកែទម្រង់ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស បានប្រាប់ឱ្យដឹងថា ការទូតសេដ្ឋកិច្ច គឺជាការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងការបង្កើនការយល់ដឹងទៅដល់បរទេសអំពីវប្បធម៌ល្អប្រភពប្រពៃ និងភាពសំបូរបែបរបស់កម្ពុជា ជាពិសេសផ្សព្វផ្សាយសំដៅការទាក់ទាញ វិនិយោគិនបរទេស និងភ្ញៀវទេសចរណ៍បរទេសមកកម្ពុជាឲ្យកាន់តែច្រើន។
ជុំវិញការវិស័យទេសចរណ៍,លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរកម្ពុជា លើកឡើងថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលលើវិស័យទេសចរ ដែលភ្ញៀវទេសចរណ៍ជាច្រើនបានស្គាល់ពីវប្បធម៌បុរាណ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងតំបន់ឆ្នេរស្អាតរបស់កម្ពុជាជាដើម ហើយអ្វីដែលជាការចូលចំណែកកាន់តែសំខាន់ទៀតនោះ គឺវិស័យម្ហូបអាហារ, ជាក់ស្តែងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទេសចរណ៍បរទេសជាច្រើនបានស្គាល់ពីវិស័យម្ហូបអាហារនៅកម្ពុជាដូចជា សម្លរប្រហើរ សម្លរកកូរ អាម៉ុកត្រី ប្រហុកខ្ទិះជាដើម ដែលវិស័យនេះហើយ បានធ្វើឲ្យគេនឹកឃើញកម្ពុជា នឹងការចង់មកទស្សនាកម្សាន្តនៅកម្ពុជា ជាបន្តបន្ទាប់ឡើងវិញ៕