(ម៉ាឌ្រីដ)៖ នៅថ្ងៃពុធសប្តាហ៍នេះ អង្គការណាតូ បានអញ្ជើញប្រទេសស៊ុយអែត និងហ្វាំងឡង់ ដើម្បីចូលរួមសម្ព័ន្ធភាពយោធាជាមួយខ្លួន ដែលជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងសន្តិសុខអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រទេសសម្ព័ន្ធមិត្តណាតូ ចំនួន ៣០ប្រទេសបានសម្រេចចិត្តបែបនេះនៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ ក្នុងទីក្រុងម៉ាឌ្រីត ហើយក៏បានយល់ព្រមចាត់ទុកជាផ្លូវការថារុស្ស៊ីជា «ការគំរាមកំហែងដ៏សំខាន់បំផុត និងដោយផ្ទាល់» ចំពោះសន្តិសុខរបស់សម្ព័ន្ធមិត្ត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូល។
អង្គការណាតូ បានបញ្ចាក់ថា «ថ្ងៃនេះ យើងបានសម្រេចចិត្តអញ្ជើញប្រទេសហ្វាំងឡង់ និងស៊ុយអែតឱ្យចូលជាសមាជិកនៃអង្គការណាតូ» បន្ទាប់ពីប្រទេសតួកគីបានដកវេតូជំនាស់មិនឲ្យប្រទេសទាំងពីរចូលជាសមាជិកចេញវិញ។ ប្រមុខអង្គការណាតូ លោក Stoltenberg បាននិយាយថា «យើងនឹងធ្វើឱ្យប្រាកដថា យើងអាចការពារសម្ព័ន្ធមិត្តទាំងអស់ រួមទាំងហ្វាំងឡង់ និងស៊ុយអែតផងដែរ»៕