កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បាន​រៀបចំ​ពិធីរំលឹកខួបលើកទី២៩ឆ្នាំ នៃការបង្កើតស្ថាប័នរបស់ខ្លួននៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បាន​រៀបចំ​ពិធីរំលឹកខួបលើកទី២៩ឆ្នាំ នៃការបង្កើតស្ថាប័នរបស់ខ្លួននៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ​បញ្ជាការរង នៃ​កង​យោធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នៅក្នុងពិធីរំលឹកខួប២៩ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះផងដែរ កងរាជ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ក៏បានសម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​សេនាធិការដ្ឋាន​ថ្មី​មួយ​របស់​ខ្លួន ដើម្បីជាការអបអរដល់ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤កក្កដា ២០២២ ផងដែរ។

កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និង​ផល​ប្រយោជន៍​យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ ។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូលទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិល​ថែម​ទៀត​៕