សហរដ្ឋអាមេរិក៖ កាលពីថ្ងៃពុធម្សិលមិញ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ បាននិយាយថា មន្ទីរបញ្ចកោណអាចបញ្ជូននាវា យន្តហោះ និងប្រព័ន្ធឈ្លបយកការណ៍បន្ថែមទៀត ដើម្បីការពារប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ប្រសិនបើលោកស្រីនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ តាមការគ្រោងទុកមែននោះ។
សារព័ត៌មាន AP បានរាយការណ៍ថា ផែនការបង្ការជាមុន ដែលត្រូវបានកំពុងបង្កើតឡើងដោយយោធាអាមេរិក រួមមានការបង្កើតតំបន់ការពារទ្វេដងសម្រាប់ប្រធានសភារូបនេះ អំឡុងការធ្វើដំណើររបស់លោកស្រីទៅកាន់កោះនេះ និងការស្នាក់នៅទីនោះ។ សារព័ត៌មាន AP បានបន្តទៀតថា ក្រុមមន្ត្រីក៏បានលើកឡើងផងដែរ ពីភាពចាំបាច់ក្នុងការបង្កើតឲ្យមានតំបន់ទ្រនាប់ជុំវិញវត្តមាន និងយន្តហោះរបស់លោកស្រី Pelosi អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី ដែលជាការត្រៀមការពារសម្រាប់ឧបទ្ទវហេតុធំៗនានាពាក់ព័ន្ធនឹងប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធដែលថា ប្រសិនបើសហរដ្ឋអាមេរិកនៅតែធ្វើអ្វីតាមតែចិត្តខ្លួនឯង និងប្រជែងខ្សែបន្ទាត់ក្រោមរបស់ចិននោះ ពិតជានឹងជួបការឆ្លើយតបដោយកម្លាំងមិនខាន៕