មេប៉ូលិសជំរុញឲ្យសមត្ថកិច្ចបង្កើនការត្រួតពិនិត្យ និងចាត់វិធានការចំពោះសាលាបង្រៀនបើកបរ និងយានដ្ឋានកែច្នៃខុសច្បាប់ទាំងអស់

ភ្នំពេញ: នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានដាក់ចេញនូវផែនការជំរុញអោយអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ
ដឹកជញ្ជូន ដើម្បីបង្កើនការត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់អោយតឹងរឹងចំពោះសាលាបង្រៀនបើកបរ និងយានដ្ឋានកែច្នៃខុសច្បាប់ទាំងអស់។ តាមរយៈផែនការរឹតបន្តឹងនោះបានគូសបញ្ជាក់ដែរថា៖

•ចំពោះសាលាបង្រៀន
-ត្រូវបិទជាស្ថាពរចំពោះសាលាបង្រៀនបើកបរដែលគ្មានច្បាប់អនុញ្ញាត ប៉ុន្តែក្នុងករណីមិនត្រូវរាងចាល ត្រូវបិទអាជីវកម្ម ឃាត់ខ្លួនជនល្មើស ហើយកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង
-ធ្វើការត្រួតពិនិត្យជាប្រចាំចំពោះសាលាបង្រៀនបើកបរ
ដែលមានច្បាប់អនុញ្ញាតអំពីលក្ខណសម្បត្តិគ្រូបង្រៀនបើកបរ ខ្លឹមសារមេរៀន រយៈពេលបង្រៀន ការប្រើប្រាស់យានយន្តសម្រាប់បង្រៀន។ ក្នុងករណីរកឃើញចំណុចខ្វះខាតត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ ប្រសិនបើមិនរៀងចាលត្រូវដកហូតលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មសាលាបង្រៀនបើកបរយានយន្ត។

•ចំពោះយានដ្ឋាន ជួសជុល កែច្នៃ ដំឡើងយានយន្ត
-បិទជាស្ថាពរចំពោះយានដ្ឋានជួសជុល កែច្នៃ ដំឡើងយានយន្តដែលគ្មានច្បាប់អនុញ្ញាត ក្នុងករណីមិនរាងចាលត្រូវបិទអាជីវកម្ម ឃាត់ខ្លួនជនល្មើសកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង
-ធ្វើការត្រួតពិនិត្យជាប្រចាំចំពោះយានដ្ឋានជួសជុលកែច្នៃ ដំឡើងយានយន្តដែលច្បាប់អនុញ្ញាត ដើម្បីទប់ស្កាត់
កែច្នៃ ដំឡើងយានយន្តខុសលក្ខណៈបច្ចេកទេសសំដៅបង្ការគ្រោះថ្នាក់ និងពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ក្នុងករណីរកឃើញមានបទល្មើសត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ ប្រសិនបើមិនរៀងចាលត្រូវដកហូតលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយាន្តដ្ឋាន និងក្នុងករណីធ្ងន់ធ្ងរត្រូវឃាត់ជនល្មើសដកហូតវត្ថុតាំងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង៕

Leave a Reply

Your email address will not be published. Required fields are marked *