(ភ្នំពេញ)៖ លោកមេធាវី រស់ ផល្លា ទីប្រឹក្សាក្រសួងយុត្តិធម៌ឋានៈស្មើអគ្គនាយករង សម្រេចបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនរយៈពេល ៧ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីចូលរួមដោះស្រាយការលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងលិខិតប្រកាសពីការបរិច្ចាគថវិកាផ្ញើទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ លោកមេធាវី រស់ ផល្លា បានគូសបញ្ជាក់ថា លោកបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា។
លោកមេធាវី រស់ ផល្លា បានគូសបញ្ជាក់ក្នុងលិខិតនោះថា ការបរិច្ចាគនេះ ជាស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមថា ចំណែកប្រាក់បៀវត្សរបស់លោកជាចំនួនទឹកប្រាក់មួយតិចតួច តែជាស្មារតីនៃការចែករំលែក និងជាស្មារតីនៃការជួយគ្នារបស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយដល់សង្គមជាតិ ជួយដល់ប្រជាពលរដ្ឋខ្មែរក្នុងពេលជួបការលំបាក៕