សេវារថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអនុញ្ញាតឲ្យដាក់អ្នកដំណើរត្រឹមតែ ២០នាក់ប៉ុណ្ណោះ ក្នុង១គ្រឿង បើត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ អំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩

(ភ្នំពេញ) ៖ ថ្លែងនៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីការរក្សាអនាម័យ និងវិធានការបង្ការជំងឺឆ្លង ក្រោមទិសស្លោក «គ្មានការចម្លងមេរោគកូវីដ១៩ ពីអ្នកបើកបរ និងអ្នកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ» នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ាន សុឃីម បានឲ្យដឹងថា ពេលបើកដំណើរការសេវារថយន្តក្រុងសាធារណៈឡើងវិញ អំឡុងពេលមានវិបត្តិកូវីដ១៩នេះ គ្រោងនឹងមានវិធានការមួយចំនួន ដើម្បីអនុវត្តក្នុងគោលទប់ស្កាត់ការរាតត្បាតជំងឺនេះ។
វិធានការនោះ មានដូចជា៖ ការប្រើប្រាស់ទឹកអាល់កុលសម្រាប់អ្នកដំណើរ, ការវាស់កម្ដៅ, តម្រូវឲ្យពាក់ម៉ាសពេលជិះរថយន្តក្រុង, ការរក្សាគម្លាតរវាងអ្នកជិះ និងអ្នកជិះ និងការដាក់ឲ្យមានប្រដាប់សម្រាប់សម្លាប់មេរោគ នៅក្នុងរថយន្តក្រុងផងដែរ។

អភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងរៀបចំឲ្យមានខ្វែងកៅអី ដើម្បីយើងទុកចន្លោះឃ្លាតពីគ្នាឲ្យបានចម្ងាយយ៉ាងតិច ១ម៉ែត្រកន្លះ។យើងគិតទៅ យើងប្រហែលជាមិនចង់ឲ្យមានច្រើនទេ។ នៅក្នុងរថយន្តរបស់យើងនេះ ចំណុះកៅអីមាន៤០ ប៉ុន្តែយើងអនុញ្ញាតត្រឹមតែ ២០នាក់ប៉ុណ្ណឹងទេ»៕

Leave a Reply

Your email address will not be published. Required fields are marked *