(ភ្នំពេញ) ៖ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltd. បានឲ្យដឹង គ្រប់សាខា និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន និងបើកដំណើរឡើងវិញ ក្រោយពីទទួលបានលិខិតបញ្ជាក់ពីក្រសួងពាក់ព័ន្ធ ក្រោយពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានត្រួតពិនិត្យការរៀបចំត្រៀមលក្ខណៈបើកឲ្យដំណើរការសាលារៀនឡើងវិញដំណាក់កាលទី២កាលពីថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។
បើតាមលោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education បានឲ្យដឹងថា ក្រោយពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំបានចុះមកពិនិត្យ និងចុះMOUរួមមក Westline Educationរង់ចាំលិខិតជាផ្លូវការពីក្រសួងក្រសួងព័ន្ធ ក្នុងការត្រៀមដំណើរការបើកសាលារៀនឡើងវិញនេះ លោកឧកញ៉ា បានបញ្ជាក់ថា សាលាបានអនុវត្តន៍តាមការណែនាំរបស់ក្រសួង ពិសេសគឺការរៀបចំគន្លាតសុវត្ថិភាព ក្នុងនោះក្នុងមួយថ្នាក់មានសិស្សយ៉ាងច្រើន២០នាក់បុណ្ណោះ និងមានរៀបដាក់គន្លាត១.៥ម៉ែត ក្រៅពីនោះក៏មានរៀបចំវេនដើម្បីឲ្យសិស្សសិក្សាឲ្យស្មើរគ្នា និងរៀបចំម៉ោងចេញលេង ដាច់ដោយឡែកពីគ្នាដើម្បីបញ្ជៀសការជួបជុំគ្នាច្រើន។
បើតាមលោកឧកញ៉ាអគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltd ខាងសាលាក៏ត្រូវការកិច្ចសហការជាចាំបាច់ជាមួយអាណាព្យាបាលរបស់សិស្សទាំងអស់ រាល់ការរៀបចំសំភារៈ សំខាន់ៗរបស់កូនៗដើម្បីរក្សាអនាម័យ និងការផ្ដល់ដំណឹងរាល់ដំណើរចាំបាច់របស់សិស្សជាដើម។
សូមជម្រាបដែរថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំ គណៈប្រតិភូអញ្ជើញចុះជួប និងត្រួតពិនិត្យរង្វាយតម្លៃខ្ពស់ចំពោះដំណើរការបើកគ្រឹះស្ថានអប់រំរបស់ បណ្តាញអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដំណាក់កាលទី២ នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីបានត្រួតពិនិត្យបណ្តាញអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប គឺពិតជាបានត្រៀមលក្ខណៈរបស់ខ្លួនរួចជាស្រេច ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួង ជាពិសេសវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីបើកទ្វារដំណើរការទទួលសិស្សរបស់ខ្លួនឡើងវិញ នៅដំណាក់កាលទី២ ដោយបន្តអនុវត្តផែនការសុវត្ថិភាពឲ្យបានខ្ពស់។
គួរជម្រាបថា Westline Education Group Co., Ltd. សព្វថ្ងៃនេះ មានសាខាចំនួន១៦ស្ថិតនៅក្រោមក្រុមហ៊ុន Westline Education Group ដែលក្នុងនោះមាន ១៣សាខា ជាសាលារៀន ដែលមានសាលារៀន Westline ចំនួន១០សាខា សាលារៀន Northline ចំនួន១សាខា សាលាអន្តរជាតិ Forest hill ចំនួន១សាខា និងសាលារៀនអន្តរជាតិ Appletree ចំនួន១សាខា។ ដោយឡែក ៣សាខាទៀត មានជាមជ្ឈមណ្ឌលបណ្តុះបណ្តាល៕