(ភ្នំពេញ) ៖ សមត្ថកិច្ចបានចាប់ខ្លួនមេក្លោងដឹកនាំធ្វើបាតុកម្មខុសច្បាប់ចំនួន ៦នាក់ហើយ តាមដីការបស់តុលាការ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខជាតិ។ ការចាប់ខ្លួននេះ គឺបន្ទាប់ពីពួកគេបានប្រកាសដឹកនាំធ្វើបាតុកម្មខុសច្បាប់កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅទីលានប្រជាធិបតេយ្យ និងបានដឹកនាំហែរក្បួនពីទីលានប្រជាធិបតេយ្យ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា មនុស្សទាំង ៦នាក់ ដែលចាប់ខ្លួន គឺសមត្ថកិច្ចចាប់តាមដីកាតុលាការ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខជាតិ”។
គួរបញ្ជាក់ថា មុនពេលធ្វើបាតុកម្មបីថ្ងៃ ក្រុមមេក្លោងដឹកនាំធ្វើបាតុកម្មខុសច្បាប់ បានចូលជួបមន្រ្តី នយោបាយនៃស្ថានទូតសហរដ្ឋអាម៉រិកប្រចាំនៅកម្ពុជា គឺលោក លូអឺស សាឡាស (USA) កាលពីថ្ងៃទី៤ ខែកញ្ញា ដើម្បីរាយការណ៍ជុំវិញដំណើរការ ធ្វើបាតុកម្ម
ដោយសន្តិវិធី នៅថ្ងៃទី៧ ដល់ទី១៥ ខែកញ្ញា នៅទីលានប្រជាធិបតេយ្យ។
ក្រសួងមហាផ្ទៃបានប្រកាសថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពក្រោមរូបភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ មិនបានចុះឈ្មោះក្នុងបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ។ ទន្ទឹមនេះ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពដែលមានចរិកបំផុស ញុះញង់ធ្វើឲ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណ រូបភាពនានា ខ្សែវីដេអូ ព្រមទាំងបានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង។ នេះ បើយោងតាមសេចក្តី ប្រកាសព័ត៍មាន របស់ ក្រសួង មហាផ្ទៃ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មេក្លោងដឹកនាំបាតុកម្មខុសច្បាប់ដែលសមត្ថកិច្ចចាប់ខ្លួន មានចំនួន ៦នាក់ ដោយចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខជាតិ។
មេក្លោងទាំង ៦នាក់ ដែលចាប់ខ្លួនមានដូចជា :
១. ឈ្មោះ មាន ព្រហ្មមុនី
២. ឈ្មោះ កើត សារ៉ាយ
៣. ឈ្មោះ គង់ សំអាន ចាប់នៅខេត្តត្បូងឃ្មុំ
(ចាប់កាលពីថ្ងៃទី៦ កញ្ញា)
៤. ឈ្មោះ ថា ឡានី
៥. ឈ្មោះ អេង ម៉ាឡៃ
(ចាប់កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០)
៦. ឈ្មោះ មួង សុភ័ក្ត្រ ចាប់កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
សូមជម្រាបថា កាលពី ថ្ងៃទី ២ ខែកញ្ញា រដ្ឋបាល រាជធានី ភ្នំពេញ បាន ជម្រាប ទៅ លោក មាន ព្រហ្ម មុនី លោក ថា ឡា វី និង កញ្ញា អេង ម៉ាឡៃ ថា ចំពោះ ការធ្វើ បាតុកម្ម ដោយ អហិង្សា ក្នុង គោលបំណង ដើម្បី ទាមទារ តវ៉ា រក យុត្តិធម៌ សង្គម រយៈពេល ៩ ថ្ងៃ ចាប់ពី ថ្ងៃទី ៧ ដល់ ថ្ងៃទី ១៥ ខែកញ្ញា ចាប់ពី ម៉ោង ៨ ដល់ ម៉ោង ៦ ល្ងាច នៅ ទីលាន ប្រជាធិបតេយ្យ នោះ រដ្ឋបាល រាជធានី ភ្នំពេញ ពុំ អនុញ្ញាត ជូន ទេ ដោយ មូល ហេតុថា ១- លោក លោកស្រី មិនអាច កំណត់ សមាសភាព និង ចំនួន អ្នកចូលរួម បានច្បាស់លាស់ ដែល ការធ្វើ បាតុកម្ម នេះ នឹង អាច បង្ក គ្រោះថ្នាក់ ណាមួយ ឬ នឹង អាច ប៉ះពាល់ ធ្ងន់ធ្ងរ ដល់ សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ សាធារណៈ ( មាត្រា ១១ នៃ ច្បាប់ ស្តីពី ការធ្វើ បាតុកម្ម ដោយ សន្តិវិធី ) ។ ២- លោក លោកស្រី បានធ្វើការ អំពាវនាវ តាម បណ្តាញ សង្គម ផេ ក ឈ្មោះ ពលរដ្ឋ សកម្ម ដែលខ្លឹមសារ មាន ចរិត បំផុស ញុះញង់ ឱ្យ ប្រឆាំង ជាមួយនឹង ដំណើរការ នីតិវិធីតុលាការ ។ ក្នុងករណី លោក លោកស្រី មិន គោរព តាម ស្មារតី កិច្ចប្រជុំ ជាមួយ រដ្ឋបាល រាជធានី ភ្នំពេញ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ លោក លោកស្រី ត្រូវ ទទួលខុសត្រូវ ទាំងស្រុង ចំពោះមុខ ច្បាប់ ជា ធរមាន ។ បើទោះបី រដ្ឋបាល រាជធានី ភ្នំពេញ មិន អនុញ្ញាត ឲ្យ ធ្វើបាតុកម្ម ក៏ ក្រុម នេះ នៅតែ ប្រកាស ពី ជំហរ មិន កែប្រែ ក្នុងការ ធ្វើបាតុកម្ម តាម ការគ្រោងទុក ដដែល ៕