(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី១៣ ខែតុលានេះ ជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ ១៩ ខេត្ត-រាជធានី ស្មើនឹង ៦០ ក្រុងស្រុកខណ្ឌ និង ២០៤ ឃុំសង្កាត់។ ជំនន់ទឹកភ្លៀងនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបជាង ៣៤ ០០០ គ្រួសារ ស្មើប្រមាណជាង ១៣ម៉ឺននាក់ និងបណ្តាលឲ្យស្លាប់ ១១នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ខេត្តរាជធានី ទាំង ១៩ ដែលរងគ្រោះដោយទឹកជំនន់ ទឹកភ្លៀង នាពេលនេះ រួមមាន៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងថា ជំនន់ទឹកភ្លៀង នៅ ១៩ខេត្ត-រាជធានី បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ៣៤ ០០០ ខ្នង លិចសាលារៀន ៨៧កន្លែង ស្រូវលិចទឹកជាង ៨៨ ០០០ ហិកតា ( ខូចខាតប្រមាណជាង ៤០០០ ហិកតា)។ ដំណាំរួមផ្សំលិចទឹកជាង ៥២ ០០០ ហិកតា ( ខូចខាតជាង ៦ ០០០ ហិកតា)។ រីឯផ្លូវជាតិលិចទឹកមានប្រមាណជាង ១៧ គីឡូម៉ែត្រ ផ្លូវលំលិចទឹកប្រមាណជាង ១៦៧គីឡូម៉ែត្រ និង ៣១ខ្សែ។ ចំណែកស្ពាន លិចទឹកមាន ២៤កន្លែង។
ក្រៅពីប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣៤ ០០០ គ្រួសារ ស្មើប្រមាណជាង ១៣ម៉ឺននាក់ និងជម្លៀសប្រជាជនជាង ២០០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ជំនន់ទឹកភ្លៀង ក៏បានសម្លាប់មនុស្ស ១១នាក់ នៅខេត្តបន្ទាយមានជ័យ ៤នាក់ ខេត្តព្រះសីហនុ ២នាក់ ពោធិ៍សាត់ ៣នាក់ ប៉ៃលិនម្នាក់ និងនៅខេត្តកំពង់ធំ ម្នាក់។
ដោយឡែក នៅរាជធានីភ្នំពេញ គិតត្រឹមរសៀលថ្ងៃទី១៣ ខែតុលានេះ ប្រជាពលរដ្ឋ ចំនួន ៧៧១គ្រួសារ នៅខណ្ឌដង្កោ បានរងផលប៉ះពាល់ ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ថា ប្រទេសកម្ពុជាយើង នឹងបន្តទទួលរងឥទ្ធិពលខ្យល់ព្យុះ ដែលបង្កជាភ្លៀង និងអាចកើតមានទឹកជំនន់ នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២០៕