នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ ដោយចាប់ជនសង្ស័យ២នាក់ ជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម។
ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង៤០នាទី កម្លាំងជំនាញ(ក៣) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោក ប្រុញ សាន និងលោក ភឹម ច័ន្ទតារា នាយករងមន្ទីរ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចក្បែររង្វង់មូលសម្ដេចសង្ឃជួនណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់៖ ១-ឈ្មោះ ហ្សេវ ចឹងអ៊ី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ,២-ឈ្មោះ យូ ហៃយ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ និងវត្ថុតាងចាប់យកបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១០០០.៦៦ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *