ត្រីផ្សោតធំ១ក្បាលទៀតបានប្រទះឃើញងាប់នៅអន្លង់ផ្សោតកាំពី នៃខេត្តក្រចេះ

(ភ្នំពេញ) ៖ ត្រីផ្សោតញីដ៏ធំ១ក្បាល មានទម្ងន់ជាង២០០គីឡូក្រាម បានងាប់នៅក្នុងអន្លង់ផ្សោតកាំពី ជារមណីយដ្ឋានទេសចរណ៍ដ៏ល្បី ស្ថិតនៅភូមិ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលករណីនេះ ប្រជាពលរដ្ឋបានសំដែងនូវទឹកចិត្តសោកស្ដាយ ព្រោះបាត់បង់ផ្សោតជាមេពូជ អាចបណ្តាលឱ្យមានការថមថយបរិមាណត្រីផ្សោតទៅថ្ងៃអនាគត។
ក្នុងសកម្មភាពត្រួតពិនិត្យសំណាកត្រីផ្សោត ដែលបានស្លាប់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឱ្យដឹងថា តាមការពិនិត្យជាក់ស្ដែង ត្រីផ្សោតដ៏ធំមួយក្បាលនេះ បានងាប់ប្រហែលជាមួយថ្ងៃមុនតែប៉ុណ្ណោះ ហើយស្ថានភាពនៃការស្លាប់នេះ ដោយសារសត្វផ្សោតនេះមានវ័យចំណាស់ ធ្មេញវាសឹករិចរឹល ទាំងលើ ទាំងក្រោម ពិបាកក្នុងការស៊ីចំណី និងគួបផ្សំទៅនឹងស្ថានភាពអាកាសធាតុមានការប្រែប្រួលផង។
លោកបញ្ជាក់ថា៖ សត្វផ្សោតញីមួយក្បាលនេះ រស់នៅក្នុងអន្លង់កាំពីលេខID.95 ដែលមានទម្ងន់ប្រមាណជាង ២០០ គីឡូក្រាម មានប្រវែង ២៤០ សង់ទីម៉ែត្រ ។ ក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលជលផលខេត្ត និងបុគ្គលិកអង្គការWWF បានធ្វើសំណាកទៅតាមបច្ចេកទេស ទាក់ទងទៅនិងការស្លាប់របស់ត្រីផ្សោតនេះ។
លោកលាង សាមឿន ប្រជាពលរដ្ឋនៅជិតតំបន់ផ្សោតកាំពី ភូមិ ឃុំសំបុក បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំត្រីផ្សោតតែងតែងាប់ជាបន្តបន្ទាប់ ចំណែកខាង (អង្គការ WWF)យកសំណាកត្រីផ្សោតទៅពិនិត្យរកមូលហេតុ តែមិនបានចេញជាលទ្ធផលយ៉ាងណានោះទេ ហើយយុទ្ធសាស្ត្រការការពារក៏មិនទាន់មានដែរ ។
លោកស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ រិះរកយន្តការធ្វើការអភិរក្សឱ្យមានប្រសិទ្ធភាព និងកុំទម្លាក់កំហុសទៅលើអាកាសធាតុប្រែប្រួល ព្រោះមានករណីខ្លះ ក៏ត្រីផ្សោតនេះស្លាប់ដោយសារតែបទល្មើសនេសាទមួយចំនួនដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *