ភ្នំពេញ៖ កាលពីវេលា ៦និង៥០ នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អគ្គិភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ៧២ ខ្នងផ្ទះ ជាប្រភេទផ្ទះឈើ ប្រក់ស័ង្កសី និងខ្លះទៀត ប្រភេទស័ង្កសីសុទ្ធ តែមិនបណ្ដាល ឲ្យមានមនុស្ស រងរបួស ឬបាត់បង់ជីវិតឡើយ។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចផ្លូវរថភ្លើង តំបន់បឹងកក់ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថាៈ នៅមុនពេលកើតហេតុ គឺមានផ្សែងហុយ ចេញពីផ្ទះ គ្មានមនុស្សនៅដោយផ្ទះនោះ បានលក់ទៅឲ្យអ្នកផ្សេង ភ្លាមៗនោះ បានឆាបឆេះ រាលដាល យ៉ាងសន្ធោសន្ធៅ ។ បងប្អូនប្រជាពលរដ្ឋ រស់នៅជិតខាង បានរាយការណ៍ ទៅអាជ្ញាធរ ខ្លះទៀតបានប្រមូលរបស់របរ ចេញពីផ្ទះ សឹងមិនទាន់។ដោយស្ថានភាពភ្លើងឆាបឆេះ ក្នុងលក្ខណៈទ្រង់ទ្រាយធំ ធ្វើឲ្យកម្លាំងសមត្ថកិច្ច មិនងាយស្រួល ក្នុងការជួយអន្តរាគមន៍ បានទាន់ពេលវេលាឡើយ។
សមត្ថកិច្ច បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យ អស់ជាច្រើនគ្រឿង រួមមាន រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់គ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រថយន្តរបស់ OCIC រថយន្ត ក្រសួង មហាផ្ទៃ ទីក្រុងអូឡាំព្យា។ ចំពោះមូលហេតុ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត៕