ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១

ឆ្នាំជូត​: រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃស្អែក​ឆ្លង​ចូលឆ្នាំថ្មី​២០២២​ហើយ ម្ល៉ោះហើយ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ថ្ងៃនេះ​ភ្លឺ​ថ្លា​ធ្វើ​អ្វី​ក៏​ជឿនលឿន​គ្រាន់​ជា​គាប់ចិត្ត​ជានិច្ច ។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ បើ​លោក​អ្នកមាន​ទំនាក់ទំនង​ចរចា​ជាមួយ​អ្នកដទៃ​តែង​អាច​សម្រេច​ដល់​គោលដៅ និង​មិន​ដូច្នេះ​ក៏​គេ​ឆ្លើយតប​គ្រាន់​មាន​ក្តីសង្ឃឹម​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បញ្ចេញ​ថវិការ ឬ ទិញ​របស់​អ្វីមួយ​ទុក​ក៏​តែង​ទទួលផល​មកវិញ​គ្រាន់​កក់ក្តៅ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះបី​ពេលនេះ​ជួប​នូវ​ឧបសគ្គ​រារាំង​ប៉ុន្តែ​ចំណងស្នេហា​នៅតែ​ផ្អែមល្ហែម​ពុំ​មានការ​ងាករេ​ឡើយ​៕

​ឆ្នាំឆ្លូវ​: រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​អាច​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​រលូន​ល្អ​ច្រើន ហើយ​បើ​ចង់​ប្រាថ្នា​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ជានិច្ច​។​ការប្រកប​ការងារ​មាន​ភាពល្អប្រសើរ ហើយ​ធ្វើ​អ្វី​តែងមាន​ក្រុមមនុស្ស​ជួយ​ថែរក្សា​ការពារ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំខាល​: រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ឬ​ទទួលរង​ការបាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​ការ​ចាញ់​ប្រៀប​គេ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។​
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

​ឆ្នាំថោះ​: រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ជួប​នូវ​បញ្ហា​ស្មុ​គ្រ​ស្មាញ​ច្រើន ហើយ​ងាយ​មានទំនាស់​ថែមទៀត​។​ដំណើរ​ជីវិត​របស់​លោកអ្នក នាពេលនេះ​មាន​ភាព​ភ្លឺ​ថ្លា​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ឡើយ ពី​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​
សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕

​ឆ្នាំរោង​: រាសី​ធ្លាក់​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំរោង​នៅ​សប្តាហ៍​នេះ​គឺ​បាន​ឆ្លង​ផុត​ដួង​រាសី​ខែ​ឡើង​ខ្ពស់​ហើយ​។​សម្រាប់​ខែ​ខាងមុខ​លោកអ្នក​តែង​ជួបប្រទះ​នូវ​ស្មុ​គ្រ​ស្មាញ​យាយី​នាំ​ជួប​ផល​លំបាក​ច្រើន​ដែល​ត្រូវ​ឆ្លងកាត់​។​លោកអ្នក​មាន​កិច្ចការងារ​ថ្មី​ច្រើន​ចូលមក​ធ្វើឱ្យ​ជួប​នូវ​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​មួយៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។
​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់ និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំម្សាញ់់​: រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​លោកអ្នក​មានការ​លូតលាស់​គួរសម ហេតុនេះ​បើ​ចង់​ទំនាក់ទំនង​ឬ​សួរសុខទុក្ខ​នរណា​ជាម​នុស្ស​សំខាន់​តែង​ហុច​ជាល​ទ្ធ​ល្អជា​និច្ច​។​ថ្ងៃនេះ​ដែរ​បើ​លោក​អ្នកធ្វើ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ផង​៕

​ឆ្នាំមមី​: រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ងាយ​កើត​បញ្ហា​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការប្រកប​ការងារ​មានការ​ថយក្រោយ និង​ងាយ​កើតជា​ជម្លោះ​វិវាទ​ថែមទៀត​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមែ​: រាសី​ស្រុតចុះ​។​ក្នុង​ពេលនេះ​លោកអ្នក​ទទួលរង​សម្ពាធ​ផ្លូវចិត្ត​ច្រើន​បន្តិច ហើយ​បញ្ហា​ក្នុង​គ្រួសារ​មួយចំនួន​ស្រាយ​មិន​ចេញ​ទៀតផង​។​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ស​ម្រ​ច​ជោគជ័យ​ការងារ​មួយចំនួន​ទៅរួច​។​អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​នូវ​បញ្ហា​រាំងស្ទះ​និង​ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ណាស់​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំវក​: រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​នោះឡើយ​។​ការប្រកប​ការងារ ពុំមាន​អ្វី​ប៉ះទង្គិច​ដល់​លោកអ្នក​ច្រើន​ទេ ប៉ុន្តែ​យ៉ាងណា​ការប្រកប​ការងារ​តោង​តែ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​ផងដែរ ពីព្រោះ​ការប៉ង​អាក្រក់​របស់គេ​នៅតែមាន​ឥត​ធូរស្បើយ​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច ហើយ​ការ​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផល​កម្រៃ​ជាង​ការ​ជួញ​ជិត​ជានិច្ច​។​
គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើតមាន​ការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

​ឆ្នាំរកា​: រាសី​ល្អជា​មធ្យម​។ ការរស់នៅ​ក្នុង​គ្រួសារ​ឆាប់​មានរឿង​ប្រេះឆា​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ល្អ​ប្រពៃ​បំផុត​។​ចំពោះ​កិច្ចការងារ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។
ឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំច​: រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​ប្រាក់កាស និង​កិច្ចការ​តូចធំ​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​លំដាប់ ។​សម្រាប់​បញ្ហា​ការងារ​នៅថ្ងៃនេះ​វិញ​ឃើញថា មាន​ភាពរលូន​គ្រាន់​គាប់ប្រសើរ ពិសេស​បើ​មាន​កិច្ចការងារ​ថ្មីៗ​ផង​តែង​ទទួលជោគជ័យ​ផងដែរ​។​លោកអ្នក​អាច​ប្រកបការងារ​ពេញដៃពេញជើង ហើយ​ពិសេស​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​ផង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ដែរ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​ហើយ​៕

​ឆ្នាំកុរ​: ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ធ្វេសប្រហែស​ទៅលើ​បញ្ហា​សុខភាព​និង​បញ្ហា​របស់របរ​ពីព្រោះ​ងាយ​កើត​បញ្ហា​មិនល្អ​ឡើង​ជាង​សព្វមួយដង ។​ការប្រកប​ការងារ​មាន​ភាពជឿនលឿន​ទៅមុខ​តិចតួច តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​រឿង​រាវ​រត់​ចូល​ច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​បន្តិច​៕

Leave a Reply

Your email address will not be published. Required fields are marked *