នា​ព្រលប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២​នេះ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​មេខ្លោង​២​នាក់​ជា​បណ្ដោះអាសន្ន ដែល​ដឹកនាំ​ការតវ៉ា​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍

ភ្នំពេញ៖ នា​ព្រលប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២​នេះ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​មេខ្លោង​២​នាក់​ជា​បណ្ដោះអាសន្ន ដែល​ដឹកនាំ​ការតវ៉ា​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ និង​បក្ខពួក​ម្នាក់​ត្រូវបាន​ដាក់ឱ្យ​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ។

លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ គឺ​បាន​បង្គាប់​ឱ្យកម្លាំង​សមត្ថកិច្ច​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ឈឹម ស៊ីថរ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ទៅកាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ និង​ជន​ត្រូវ​ចោទ​ឈ្មោះ សុខ ណា​រិ​ទ្ធ ត្រូវ​នាំខ្លួន​ទៅកាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ចំពោះ​ឈ្មោះ សុខ គង្គា ត្រូវ​បាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។

​សូមបញ្ជាក់ថា ក្នុង​សំណុំ​រឿងនេះ​មាន​ជន​ត្រូវ​ចោទ​ចំនួន​៩​នាក់  ត្រូវបាន​ឃាត់ខ្លួន​បាន​ទាំង​អស់ហើយ និង​ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ចំនួន​៨​នាក់ អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​​នោះ រួមមាន​ដូចជា​៖ ១. រី សុវណ្ណ​ឌី ២.​សុន ស្រី​ពេ​ជ ៣. ហៃ សុភាព ៤. ឃ្លាំង សុ​បិ​ន្ត ៥.​ទូច សិរី​មាស និង​ទី​៦. ឈឹម សុខន ទី​៧. ឈឹម ស៊ីថរ និង​ទី​៨ សុខ ណា​រិ​ទ្ធ។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ភស្តុតាង​មួយចំនួន ដែល​បញ្ជាក់ថា ការរៀបចំ​ប្រមូលផ្តុំ​ធ្វើ​ការតវ៉ា​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ គឺ​មាន​ការផ្តល់​ថវិកា​រាប់ម៉ឺន​ដុល្លារ​ពី​អង្គការ​ចាត់តាំង​នៅក្រៅ​ប្រទេស​។​ ​ក្រុមបាតុករ​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានធ្វើការ​សម្របសម្រួល និង​អំពាវនាវ​ឱ្យ​ផ្អាក​សកម្មភាព​តវ៉ា ដើម្បី​អបអរសាទរ​ដល់​ការឆ្លង​ឆ្នាំ​សកល​២០២២ ប៉ុន្តែ ​ក្រុមបាតុករ​មិនបាន​បញ្ឈប់​ ទើប​ឈានដល់​មានការ​អនុវត្ត​ច្បាប់ និង​ស្រាវជ្រាវ​នេះ​ផងដែរ​៕

Leave a Reply

Your email address will not be published.