(ឧត្តមានជ័យ)៖ ក្រសួងបរិស្ថានបានឲ្យដឹងថា សពសត្វទន្សោងដែលស្លាប់បាត់បង់ជីវិតដោយសារតែជាប់អន្ទាក់ព្រានព្រៃត្រូវបានមន្ត្រីឧទ្យានុរក្ស ព្រះសង្ឃ និងសមាជិកនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន នាំយកទៅកប់នៅក្នុងទីស្នាក់ការក្នុងព្រៃហគមន៍សង្ឃរុក្ខវ័ន នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ នេះ។
សូមរំលឹកថា សត្វទន្សោងឈ្មោលមួយក្បាលនេះបានស្លាប់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ បន្ទាប់ពីជាប់អន្ទាក់របស់ព្រានព្រៃជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។
មុនពេលស្លាប់ សត្វទន្សោងមួយក្បាលនេះ ពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់ នៅលើមុខរបស់វា មានស្នាមហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួនប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុតពីក្រញ៉ាំដៃក្រុមព្រានព្រៃ តែអកុសល សត្វទន្សោងនេះនៅតែស្លាប់បាត់បង់ជីវិតគួរឱ្យសង្វេគបំផុត ដោយសារតែសុខភាពចុះខ្សោយខ្លាំង អត់ចំណីជាច្រើនថ្ងៃ និងឈឺស្នាមរបួសជាប់អន្ទាក់៕